ប្រជាពលរដ្ឋចូលចិត្តទទួលទានបន្លែលើទឹក ជាងបន្លែដាំលើដី ព្រោះមានសុវត្ថិភាព
(កំពង់ឆ្នាំង)៖ កសិករដាំបន្លែសុវត្ថិភាពលើទឹករស់នៅក្នុងភូមិបឹងលាជ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា បច្ចុប្បន្នប្រជាពលរដ្ឋភាគច្រើន ចូលចិត្តទទួលទានបន្លែដាំលើទឹក ជាជាងបន្លែដាំនៅលើដី ក៏ព្រោះតែពួកគាត់គិតគូពីសុវត្ថិភាពសុខភាព ទោះបីបន្លែដាំលើទឹកមានតម្លៃថ្លៃជាងបន្លែដែលដាំផ្ទាល់ដីក៏ដោយ។ ម្យ៉ាងវិញទៀត បន្លែដែលដាំនៅលើទឹក មានរសជាតិឆ្ងាញ់ និងស្រួយជាងបន្លែដាំនៅលើដី។
ក្នុងកិច្ចសម្ភាសជាមួយភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំងលោក ចក់ ធឿន បានរៀបរាប់ថា កាលពីគាត់ដាំបន្លែលើដី ដោយមិនមានបច្ចេកទេសត្រឹមត្រូវពីមន្ទីរកសិកម្ម គាត់ពិបាកថែទាំជាងបន្លែលើទឹក ព្រោះនៅលើដីមានសត្វ ល្អិត និងមេរោគច្រើន ធ្វើឲ្យបន្លែមិនលូតលាស់បានល្អ មិនមានរសជាតិឆ្ងាញ់ដូចបន្លែលើទឹក ហើយពេលដាក់ជីលាមកគោ ឬមាន់ម្តងៗ ត្រូវថែទាំដិតដល់ខ្លាំងណាស់ទម្រាំបានផលលក់ម្តងៗ ហើយទទួលបានតម្លៃថោកផងដែរ។
ប៉ុន្តែក្រោយពីមានការណែនាំពីមន្ត្រីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ពីការដាំបន្លែនៅលើទឹករួចមក គាត់ក៏បានឆ្លៀតពេលរៀនដាំបន្លែលើទឹក ម្យ៉ាងដោយគាត់ ធ្លាប់បានចុះទៅធ្វើកម្មសិក្សា នៅប្រទេសវៀតណាមឃើញថា ការដាំបន្លែនៅលើទឹក មានសារៈប្រយោជន៍សំខាន់បំផុត អំពីសុខមាលភាព និងសុខភាព ដល់អ្នកបរិភោគ ហើយអតិថិជនក៏ចូលចិត្ត ធ្វើឲ្យតម្លៃលក់ដូរក្នុងទីផ្សារ បានតម្លៃថ្លៃជាងបន្លែដែលដាំនៅលើដី។
បន្ទាប់ពីមានបទពិសោធន៍ផ្លូការដាំបន្លែលើទឹក កសិករ ចក់ ធឿន បានយកចំណេះជំនាញនោះ មកអនុវត្តនៅផ្ទះរបស់ខ្លួន ហើយក្នុងរយៈពេល ៣ខែកន្លងមកនេះ គាត់បានទទួលជោគជ័យ ក្នុងកាដាំបន្លែសុវត្ថិភាពលើទឹក និងលក់ទៅកាន់ទីផ្សារសហគមន៍ នៅក្រុងកំពង់ឆ្នាំង បានចំនួន ៣លើករួចមកហើយ។ លើសពីនេះ គាត់បានបង្ហាត់បង្រៀនដល់អ្នកភូមិទាំងអស់ ដែលចង់ចេះដាំបន្លែលើទឹក ព្រោះការដាំបន្លែបែបនេះ អាចជួយផ្គត់ផ្គង់ជីវភាពគ្រួសារបានមួយកម្រិត ជាពិសេសសមាជិកគ្រួសារ អាចទទួលទានបន្លែគ្មានសារធាតុគីមីនេះ បានគ្រប់ពេលវេលាផងដែរ។
ដោយឡែក លោក តូច ប៉ូច ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា មកដល់ដើមឆ្នាំ២០២០នេះ ប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំង បានយល់ដឹងកាន់តែទូលំទូលាយ ពីទីផ្សារបន្លែ ដែលជាតម្រូវការរបស់អតិថិជន ជាពិសេសពួកគាត់បានយល់ច្បាស់ អំពីផលប៉ះពាល់ដល់សុខមាល ភាពអ្នកបរិភោគបន្លែ ហើយពួកគាត់បានងាកមកដាំបន្លែសុវត្ថិភាពលើទឹកកាន់តែច្រើន និងកំពុងបន្តពង្រីកបន្ថែមទៀត ព្រោះបន្លែដាំលើទឹក កំពុងតែមានទីផ្សារយ៉ាងទូលំទូលាយទៀតផង។
ម្យ៉ាងវិញទៀតមន្ទីរកសិកម្ម និងអាជ្ញាធរខេត្តកំពង់ឆ្នាំង បានបង្កើតផ្សារសហគមន៍មួយកន្លែង នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង សម្រាប់ប្រជាកសិករ ដែលចងក្រងជាសហគមន៍ ផលិតនូវផលិត ផលកសិកម្មគ្មានសារធាតុគីមី ដើម្បីយកមកលក់ដូរ ជូនអតិថិជន ដែលចូលចិត្តហូបបន្លែ និងត្រីសាច់ ដែលគ្មានសារធាតុគីមី។
ចាប់តាំងពីបើកផ្សារសហគមន៍នេះរហូតមកដល់បច្ចុប្បន្ន មានអតិជនចូលទិញផលិតផលកសិកម្មគ្មានសារធាតុ គីមីកាន់តែច្រើនឡើងៗ ហើយក្នុងផ្សារសហគមន៍ ក៏បានដាក់លក់នូវផលិតផលកសិកម្ម ដូចជាមាន់ ទា ត្រី សាច់គោ សាចជ្រូក បន្លែបង្កា ខ្ទឹមជីរំដេង រមៀត។ល។ ដែលគ្មានសារធាតុគីមីផងដែរ៕