ថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង លោក យឹម សារិន អភិបាលស្រុកបរិបូណ៍ ព្រមទាំងសហការី បានចុះពិនិត្យតាមដានមើលការងារបង្កបង្កើនផលដំណាំស្រូវវស្សា និងការចិញ្ចឹមមាន់-ទាពង នៅស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ដោយ៖ កម្មវិធីទី១: ចុះពិនិត្យតាមដានមើលការងារបង្កបង្កើនផលដំណាំស្រូវវស្សា នៅស្រុកបរិបូណ៍ តាមការពិនិត្យជាក់ស្តែងឃើញថា ការងារបង្កបង្កើនផលដំណាំស្រូវវស្សាសាបព្រួសបានចំនួន ១៨ ៣១០ហិកតា ស្មើនឹង១០០.០៥ភាគរយ ធៀបនឹងផែនការ១៨ ៣០០ហិកតា ក្នុងនោះ ស្រូវស្រាលបង្កើនរដូវអនុវត្តបានចំនួន ៤ ២១០ហិកតា ស្រូវកណ្តាលអនុវត្តបានចំនួន ៨ ០៥៥ហិកតា និងស្រូវធ្ងន់អនុវត្តបានចំនួន ៦ ០៤៦ហិកតា ហើយស្ថានភាពលូតលាស់នៃដំណាំស្រូវ មានសភាពល្អប្រសើរមានទឹកគ្រប់គ្រាន់ ពុំមានជម្ងឺ និងសត្វល្អិតឬកត្តាចង្រៃផ្សេងៗមកបំផ្លិតបំផ្លាញទេ ហើយកសិករភាគច្រើនកំពុងមមាញឹកបាចជីបំប៉នស្រូវ និងថែទាំសំអាតស្មៅស្រែរបស់ពួកគាត់។ កម្មវិធីទី២: បានចុះពិនិត្យការចិញ្ចឹមមាន់មេបា(យកពងភ្ញាស់យកកូនលក់) របស់កសិករឈ្មោះ ចាន់ សាមុត ជាកសិករគំរូរបស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) នៅភូមិល្វា ឃុំពេជចង្វា ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ដែលមានមេមាន់ចំនួន ៣៧០ក្បាល ដោយក្នុងមួយខែគាត់រកចំណូលបានប្រហែលពី១ ០០០ដុល្លា ទៅ១ ៣០០ដុល្លា។ កម្មវិធីទី៣: បានបន្តដំណើរទៅពិនិត្យមើលការចិញ្ចឹមទាយកពង របស់កសិករឈ្មោះ សេង សុវណ្ណ នៅភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ដែលចិញ្ចឹមទាចំនួន ២ ៥០០ក្បាល ដោយក្នុងមួយថ្ងៃ ទាពងបានចំនួន ២ ០០០គ្រាប់ និងក្នុងមួយគ្រាប់ លក់បានតម្លៃ ៤៥០រៀល ហើយគាត់លក់ពងទា ទៅផ្សារពន្លៃ និងផ្សារលើកំពង់ឆ្នាំង។ **ក្នុងគោលបំណង៖ ជម្រុញ និងលើកទឹកចិត្តដល់កសិករ អោយគាត់ខិតខំប្រឹងប្រែងធ្វើមុខរបររបស់គាត់បន្ថែមទៀត ដើម្បីរួមចំនែកក្នុងការផលិតស្បៀងអោយសមស្របតាមតម្រូវការទីផ្សារបច្ចុប្បន្នរបស់យើងនេះ។